ប្រជាជនខ្មែរជាច្រើនចាត់ទុកថា ជានិមិត្តរូបនៃអត្តសញ្ញាណ និងវប្បធម៌ម្ហូបអាហារខ្មែរ។ នំបញ្ចុកមានសរសៃនំបញ្ចុកវែង ទន់ និងទំពារជាប់បន្តិច ទទួលទានជាមួយទឹកសម្លដ៏ឈ្ងុយ និងគ្រឿងផ្សំចម្រុះ។ នំបញ្ចុកមិនត្រឹមតែជាអាហារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ប្រពៃណី ការជួបជុំគ្រួសារ ពិធីបុណ្យ និងព្រឹត្តិការណ៍សង្គមផងដែរ។
គ្រឿងផ្សំសំខាន់ៗ
បន្លែស្រស់ និងល្បោយ៖ ត្រយ៉ូងចេកចិតស្តើងៗ, ត្រសក់, សណ្ដែកបណ្ដុះ, ប្រលិត, សណ្ដែកកួរ, ផ្កាស្នោ, ជីស្រស់ផ្សេងៗ, ល្ហុងខ្ចី, និងបន្លែផ្សេងៗតាមចំណូលចិត្ត។ បន្លែទាំងនេះជួយបន្ថែម រសជាតិ ភាពស្រស់ស្រាយ និងពណ៌ដ៏ស្រស់ស្អាត ដល់នំបញ្ចុក។
ការធ្វើសរសៃនំបញ្ចុក៖ ជាដំបូង ត្រាំអង្ករក្នុងទឹក រួចកិនឱ្យទៅជាម្សៅ និងច្របាច់យកទឹកចេញរហូតដល់ម្សៅមានភាពស្ងួតល្មម។ បន្ទាប់មក បុក ឬច្របាច់ម្សៅមួយរយៈ រួចដាក់ចូលក្នុង ពុម្ពធ្វើនំបញ្ចុក ដែលមានរន្ធតូចៗ។ ច្របាច់ម្សៅតាមពុម្ពចូលក្នុងទឹកក្តៅ ដើម្បីបង្កើតជាសរសៃនំបញ្ចុកវែងៗមូលស្មើ។ បន្ទាប់ពីឆ្អិន លាងសរសៃនំបញ្ចុកជាមួយទឹកត្រជាក់ រួចរៀបជាចង្វាយតូចៗ។
ការរៀបចំសម្រាប់ទទួលទាន៖ ដាក់បន្លែស្រស់តាមចំណូលចិត្ត ដូចជា ត្រសក់ ផ្កាចេក ត្រកួន ជី ល្ហុងខ្ចី និងសណ្ដែកកួរ ចូលក្នុងចាន។ បន្ថែមបាច់សរសៃនំបញ្ចុក រួចចាក់ទឹកសម្លត្រីក្តៅពីលើ។ នំបញ្ចុកខ្មែរ រួចរាល់សម្រាប់ទទួលទាន។
ការធ្វើសម្លត្រី៖ ដាក់ខ្ទិះដូងរាវ និងទឹកចូលក្នុងឆ្នាំង រួចដាំឱ្យពុះ។ បន្ថែមត្រី និងចម្អិនរហូតដល់ឆ្អិន។ យកត្រីចេញ ទុកឱ្យត្រជាក់ រួចបេះយកសាច់ចេញពីឆ្អឹង និងទុកមួយឡែក។ យកប្រហុក ដាក់ក្នុងក្រណាត់ ឬតម្រង រួចជ្រលក់ចូលក្នុងទឹកសម្លដែលកំពុងពុះ ដើម្បីចម្រោះយកទឹកប្រហុកចូលក្នុងសម្ល។ បន្ទាប់មក បន្ថយភ្លើង។ បុកគ្រឿងទេសខ្មែរទាំងអស់ឱ្យចូលជាតិគ្នាល្អ។ បន្ថែមសាច់ត្រី រួចបុកថ្នមៗឱ្យសព្វ។ បង្កើនភ្លើងឱ្យទឹកសម្លពុះឡើងវិញ រួចយកទឹកសម្លក្តៅប្រហែល ២–៣ កូនចានស្លាបព្រា ចាក់ចូលក្នុងត្បាល់ ហើយកូរឱ្យសព្វរហូតដល់ល្បាយមានភាពខាប់ និងចូលជាតិគ្នាល្អ។ បន្ទាប់មក ចាក់ល្បាយនេះចូលក្នុងឆ្នាំងសម្លវិញ ហើយបន្ថែមអំបិល និងស្ករតាមចំណូលចិត្ត។ ចុងក្រោយ បន្ថែម ខ្ទិះដូងខាប់ កូរឱ្យសព្វ រួចដកចេញពីភ្លើង និងរោយសណ្តែកដីបុកពីលើ។